ព័ត៌មាន

ជំនួបប្រជុំពិភាក្សាជាមួយ លោកជំទប់ទី១ ឃុំកោះកាពិសមាជិកក្រុមប្រឹក្សាឃុំ ប្រធានសហគមន៍តំបន់ការពារធម្មជាតិកោះកាពិ ប្រធានសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ ក្នុងគោលបំណងស្វែងយល់បន្ថែមអំពី តម្រូវការ និងបញ្ហាប្រឈម របស់សហគមន៍ និងអាជ្ញាធរមូលដ្ឋានក្នុងតំបន់កោះកាពិ

2024-08-22 02:06:00 ថ្ៃព្រហស្បតិ៍, 22 សីហា 2024, 02:06 AM
post_detail1

ក្រោមកិច្ចសម្របសម្រួលពីលោកស្រីមេឃុំកោះកាពិ និងការណែនាំពីឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រវេជ្ជសាស្ត្រ និងកសិកម្ម ក្រុមការងារអ្នកស្រាវជ្រាវនៃវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម ដឹកនាំដោយលោកស្រីបណ្ឌិត ហ៊ន សុទ្ធនា បានជួបប្រជុំពិភាក្សាជាមួយ លោកជំទប់ទី១ ឃុំកោះកាពិសមាជិកក្រុមប្រឹក្សាឃុំ ប្រធានសហគមន៍តំបន់ការពារធម្មជាតិកោះកាពិ ប្រធានសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ ក្នុងគោលបំណងស្វែងយល់បន្ថែមអំពី តម្រូវការ និងបញ្ហាប្រឈម របស់សហគមន៍ និងអាជ្ញាធរមូលដ្ឋានក្នុងតំបន់កោះកាពិ។ ឃុំកោះកាពិ ជាឃុំមួយមានព្រៃកោងកាងដ៏ធំល្វឹងល្វើយ និងមានជីវចម្រុះដ៏សម្បូរបែប។ សហគមន៍ពឹងផ្អែកយ៉ាងខ្លាំងលើធនធានជលផលនៅក្នុងប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងមានដូចជា ក្តាមថ្ម ក្តាមជ័រ ក្តាមសេះ មឹក និងខ្យងកោងកាងជាដើម ដែលធនធានទាំងនេះផ្តល់នូវសេវាកម្មសំខាន់ៗដូចជា អាហារ ប្រាក់ចំណូល និងសម្ភារៈ ដែលមានសារៈសំខាន់សម្រាប់ជីវភាពរស់នៅក្នុងតំបន់។ អ្នកភូមិអាចនេសាទបានពេញមួយឆ្នាំ ដែលជាប្រភពចិញ្ចឹមជីវិតចម្បងសម្រាប់សហគមន៍ ប៉ុន្តែការនេសាទប្រភេទនីមួយៗខុសៗតាមពេលវេលា១២ខែ ដែលរួមមានត្រី បង្គា មឹក និងក្តាមប្រភេទផ្សេងៗទៀត។ រដូវប្រាំងចាប់ពីខែវិច្ឆិកាដល់ខែឧសភា សហគមន៍អាចបង្កើតប្រាក់ចំណូលកាន់តែច្រើន ជាពិសេសតាមរយៈការលក់ និងទីផ្សារផលិតផលជលផល ហើយក៏ជាសញ្ញានៃការចាប់ផ្តើមរដូវបុណ្យ។ គ្រួសារនៅតំបន់នោះប្រារព្ធពិធីបុណ្យប្រពៃណីខ្មែរ ប៉ុន្តែប្រជានេសាទនៅជុំវិញ កោះកាពិ ក៏មានពិធីបុណ្យបន្ថែមផងដែរដើម្បីបួងសួងឱ្យទូកនេសាទរបស់ពួកគេនាំមកនូវសំណាងល្អ សុវត្ថិភាពនៅសមុទ្រ និងអាចប្រមូលផលបានល្អប្រសើរ។ ចុងរដូវប្រាំងខ្វះទឹកសាប និងជំងឺកើនឡើង។ ការនេសាទបង្គា ការនេសាទបង្គាតូច(គី) និងការប្រមូលផ្តុំគ្រំចំពុះទា គឺជាជីវភាពរស់នៅងាយរងគ្រោះបំផុតនៅកោះកាពិ ដែលប្រឈមនឹងគ្រោះថ្នាក់ខ្លាំងទាំងអាកាសធាតុ(ព្យុះ និងភ្លៀងធ្លាក់ខុសធម្មតា) និងមិនមែនអាកាសធាតុ ដូចជា ៖ អសន្តិសុខទីផ្សារ៖ ស្ថិរភាពសេដ្ឋកិច្ចត្រូវបានជះឥទ្ធិពលដោយលក្ខខណ្ឌទីផ្សារ ដែលអំណាចចរចាទាបជាមួយអ្នកទិញ ជាពិសេស ការលក់ពឹងផ្អែកខ្លាំងលើទីផ្សារថៃ ដូចជា ការប្រែប្រួលនៃតម្រូវការ និងតម្លៃសម្រាប់គ្រំចំពុះទា,ក្តាមសេះ បានធ្វើឱ្យប៉ះពាល់ផ្ទាល់ដល់ប្រាក់ចំណូលរបស់សហគមន៍។ ចាប់ពីចុងខែឧសភាដល់ខែតុលា ជាពេលដែលពិបាកក្នុងការប្រមូលផលប្រភេទមួយចំនួន ដោយសារជំនន់ទឹកភ្លៀង និងខ្យល់ព្យុះ បណ្តាលឱ្យទទួលរងឥទ្ធិពលទឹកសាប និងកម្លាំងខ្យល់បក់ខ្លាំង។ ស្ថានភាពនេះធ្វើឱ្យប៉ះពាល់ដល់ទិដ្ឋភាពផ្សេងៗនៃជីវិត រួមទាំងសកម្មភាពកសិកម្ម ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ។ ម្យ៉ាងទៀត ខ្យល់ព្យុះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ព្រៃកោងកាង និងផ្លូវទឹកនានាក្នុងកោះកាពិ ជាពិសេសដោយការកើនឡើងនូវដីល្បាប់ដែលធ្វើឱ្យផ្លូវទឹកកាន់តែរាក់។ លើសពីនេះ អាងស្តុកទឹកក្នុងតំបន់គឺងាយរងគ្រោះខ្លាំងចំពោះការជ្រៀតចូលនៃទឹកប្រៃដែលបណ្តាលមកពីជំនោរ-លំនាចខ្ពស់ក្នុងរដូវប្រាំង រលកខ្ពស់ និងខ្យល់បក់ដែលបង្កឡើងដោយព្យុះ។

post_detail
post_detail
post_detail
post_detail
post_detail

អត្ថបទទាក់ទង

ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្តនិងកសិកម្ម បានចូលរួមក្នុងកម្មវិធីជំនួបរវាងប្រធានរាជបណ្ឌិត្យសភាកម្ពុជានិងប្រតិភូមន្ទីរអប់រំខេត្តយូណាន

នាព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្តនិងកសិកម្ម បានចូលរួមក្នុង...

2024-08-06 08:42:37   Tue, 06,08,2024, 08:42 AM
ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ការចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU)រវាងវិទ្យាស្ថាន ជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្មនិងវិទ្យាស្ថានសំណង់និងវិស្វកម្មបរិស្ថាននៃសាកលវិទ្យាល័យជាតិសេអ៊ូលនៃសាធារណៈរដ្ឋកូរ៉េ

នាព្រឹកថ្ងៃព្រហ្បត្តិ៍ទី១៤ ខែមីនា ឆ្នាំ២០២៤ វិទ្យាស្ថានជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU)រវាងវិទ្យាស្ថាន ជីវសាស្រ្តវេជ្ជសាស្រ្តនិងកសិកម្មនៃរាជបណ...

2024-08-06 08:29:58   Tue, 06,08,2024, 08:29 AM

សេចក្កីប្រកាស